កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ចាន់ ភត្រា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្តីពីករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៦ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ តាន់ ផែល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី។ ដោយជនសង្ស័យបានប្រើល្បិចសុំប្រាក់របស់ជនរងគ្រោះនិងសុំខ្ចីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខ បាត់ដំបង1L-0874 ទៅទិញបារី បែរជាជនសង្ស័យមិនបានយកម៉ូតូទៅឱ្យម្ចាស់ដើមវិញទេ ទើបម្ចាស់ម៉ូតូមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។

ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះខាងលើ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ឈ្មោះ តាន់ ផែល ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ភ័ណ ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួមទាំងដកហូតវត្ថុតាងម៉ូតូ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីសួរនាំតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានខ្ចីម៉ូតូពីជនរងគ្រោះថាទៅទិញបារីពិតប្រាកដមែន តែក្នុងចេតនាយកទៅទុកលក់យកលុយដើម្បីដើរសុីចាយនិងទិញគ្រឿងញៀនមកប្រើប្រាស់។ លោកវរសេនីយត្រី៍ សុខ ឡេង បានបញ្ជាក់ថាឈ្មោះ តាន់ ផែល ធ្លាប់ជាប់មណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ ករណីប្រើប្រាស់គ្រឿងញៀនអស់រយៈពេលចំនួន០៦ខែ។ ដោយឡែកឈ្មោះ ភ័ណ ផាន់ណា ក៏ធ្លាបេីជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យ រយៈពេលចំនួន០១ឆ្នាំ០៦ខែ ពីបទលួច(អាគុយ) និងប្រើប្រាស់គ្រឿងញៀនផងដែរ។

ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញប្រគល់ជូនជនរងគ្រោះវិយហេីយ៕