បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ រ៉ែន សារ៉ន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ដីពីករណីលួចកាត់ខ្សែភ្លើង ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ដោយជនរងគ្រោះពិនិត្យមើលតាមកាំមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណកំពុង ធ្វើសកម្មភាពចូលលួចកាត់ខ្សែភ្លើងនៅក្នុងឃ្លាំងរបស់ខ្លួន ហើយមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិលតៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុហើយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ មៅ រៀម ភេទប្រុស អាយុ២១ឆ្នាំ រួមទាំងដកហូតវត្ថុតាងនៃបទល្មើស មានដូចជាទួល្វីសដងជ័រ ពណ៌លឿង ចំនួន០១ដើម, កន្ត្រៃ ចំនួន០១ដើម, សោរតាន់ ចំនួន០១ឈុត, កំណាត់ខ្សែភ្លើង ចំនួន០១ដុំ រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លេីងរបស់ជនរងគ្រោះពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
