កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោស រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ៖នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលសេចក្តីរាយការណ៍បន្ទាន់ពីប្រជាពលរដ្ឋ នៅចំណុចអគារមួយកន្លែងនៅជាប់របងសាលាវិទ្យាល័យព្រហ្មនិមិត្ត ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្តីពីករណីលួច ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលធ្វើសកម្មភាពលួចយកសម្ភារៈនៅក្នុងទីតាំងខាងលើ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យូ សុភាព ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ហើយកម្លាំងជំនាញធ្វើការត្រួតពិនិត្យលើខ្លួនជនសង្ស័យ រកឃើញមានទូរសព្ទដៃចំនួន០៣គ្រឿង ដែលជាវត្ថុតាងនៃបទល្មើស និងម្សៅក្រាម ពណ៌សថ្លា សង្ស័យថាជាសារធាតុញៀនចំនួន០១ថង់តូច (ជនសង្ស័យ គឺជាមុខសញ្ញាលួចយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីវិធី។ 

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនបានចូលទៅលួចសម្ភារៈនៅក្នុងទីតាំងខាងលើចំនួន០៩លើករួចមកហើយនាពេលកន្លងមក។

ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕