មហាជនរិះគន់ និងដាក់សំណួរជុំវិញសកម្មភាពមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់យ៉ាងអាណាធិបតេយ្យ

ខេត្តបាត់ដំបង៖ មានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីមានការបែកធ្លាយវីដេអូ និងប្រភពព័ត៌មានបង្ហាញពីសកម្មភាពក្រុមមេខ្យល់ ធ្វើសកម្មភាពដឹកជញ្ជូនពលករខ្មែរឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ យ៉ាងគគ្លើន កាលពីវេលាម៉ោង ១០:៤៨ នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងសកម្មភាពនោះ ក្រុមមេខ្យល់បានប្រើប្រាស់ម៉ូតូចំនួន ០៣ គ្រឿង ដឹកពលករខ្មែរប្រុសស្រីចំនួន ០៨ នាក់ មកទម្លាក់នៅទល់មុខខ្លោងទ្វារវត្តគីឡូ ៩ រួចឱ្យរត់តម្រង់ទៅអូរព្រំដែនខាងលិចផ្លូវ ដើម្បីឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យ។

ហេតុការណ៍នេះបានកើតឡើងស្ថិតនៅចំណុចភូមិសាស្ត្រគីឡូ៩ ភូមិគីចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ចំណុចភូមិសាស្ត្រខាងលើនេះ ត្រូវបានដឹងថា ជាតំបន់គ្រប់គ្រង និងទទួលខុសត្រូវផ្ទាល់របស់កម្លាំងនគរបាលប៉ុស្តិ៍គីឡូ ៩ នៃវរៈការពារព្រំដែនគោកលេខ ៨១៧។

ជុំវិញករណីបែកធ្លាយនេះ សាធារណជនបានសម្តែងការមិនពេញចិត្ត និងបានដាក់សំណួរជាច្រើនចំពោះតួនាទី និងការទទួលខុសត្រូវរបស់កងកម្លាំងសហការ ជាពិសេសកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងយោធាសឹករងស្រុកភ្នំព្រឹក ដែលជាកម្លាំងអន្តរាគមន៍ និងមានភារកិច្ចស្នូលក្នុងការសហការការពារសន្តិសុខ ស្ថិរភាព តាមខ្សែបន្ទាត់ព្រំដែន ថាហេតុអ្វីបានជាបណ្តោយឱ្យមានបទល្មើសឆ្លងដែនខុសច្បាប់កើតឡើងក្នុងភូមិសាស្ត្រខ្លួនយ៉ាងដូច្នេះ?

មហាជនបានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយពិនិត្យ និងមានវិធានការក្តៅក្នុងការរឹតបន្តឹងសន្តិសុខតាមព្រំដែនឡើងវិញ ដើម្បីទប់ស្កាត់ក្រុមកលយុគមេខ្យល់បំផ្លាញសណ្តាប់ធ្នាប់ និងឆ្លៀតឱកាសរកស៊ីខុសច្បាប់លើខ្នងរាស្ត្របែបនេះ៕