បន្ទាយមានជ័យ៖ កាលពីថ្ងៃ០៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រិន វង្គា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង០០និង៣០នាទីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចលើកំណត់ផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩និង៤៥នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប្រាក់ រដ្ឋា ហៅក្រៅ អ៊ីត អាយុ៣៣ឆ្នាំ ភេទប្រុស រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួមទាំងដកហូតវត្ថុតាងកាំបិតកែច្នៃ ចំនួន០១ដើម និងកាំបិតចុងស្រួចដងជ័រ ចំនួន០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសួរនាំតាមនីតិវិធី។ នឹងបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+)។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
