បន្ទាយមានជ័យ៖នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងពីឈ្មោះ ទ.ឆ.វ ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី រំលោភសេពសន្ថវៈមកលើក្មួយស្រីបង្កើតឈ្មោះ ម.រ.ដ.ច.ន អាយុ១៦ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្តកាលពីវេលា ម៉ោង១៩និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង២២និង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឃាត់ជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ និន យ៉ាង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី ព្រមទាំងធ្វើតេស្តទឹកនោមរកសារធាតុញៀនបញ្ជាក់វិជ្ជមាន(+)។ចំណែកបក្ខពួក០៣នាក់ទៀត កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួកខ្លួនចំនួន៣នាក់ទៀតពិតជាបានរំលោភសេពសន្ថវៈទៅលើជនរងគ្រោះទាំងអស់គ្នាពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជួញដូរមនុស្សនិងការពារអនិតិជន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹករសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
